ការរៀបចំស្ថាប័ន ផ្សព្វផ្សាយកសិកម្ម


គេហទំព័រផ្សព្វផ្សាយកសិកម្មនៅកម្ពុជា គឺជាប្រព័ន្ធព័ត៌មានវិទ្យាដែលផ្ទុកទៅដោយសម្ភារផ្សព្វផ្សាយកសិកម្មសម្រាប់អ្នកពាក់ព័ន្ធទាំងអស់អាចដាក់បញ្ចូល និងទាញយក​មក​ប្រើប្រាស់ សម្រាប់បម្រើសេវាផ្សព្វផ្សាយ និងលើកកម្ពស់ផលិតភាពកសិកម្ម។ រាល់ឯកសារ និងសម្ភារផ្សព្វផ្សាយកសិកម្មដែលមាននៅក្នុងគេហទំព័រនេះ ត្រូវបាន​គ្រប់គ្រង​ដោយក្រុមការងារមជ្ឈមណ្ឌលបណ្តុំព័ត៌មានកសិកម្ម (Extension Hub) នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

គោលដៅចំបងនៃគេហទំព័រផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ផ្តោតលើការចែកចាយ និងប្រមូលសម្ភារផ្សព្វផ្សាយកសិកម្ម (គោលនយោបាយ យុទ្ធសាស្រ្ត គោលការណ៍ណែនាំ ឯកសារបច្ចេកទេស សារជាសម្លេង វីដេអូ) ដែលផ្តល់ផលប្រយោជន៍សម្រាប់ អ្នកស្រាវជ្រាវ ភ្នាក់ងារអ្នកផ្សព្វផ្សាយ អ្នកអនុវត្តការងារកសិកម្ម និងកសិករនៅកម្ពុជា។ សាធារណៈជន អាចស្នើសុំដាក់នូវសម្ភារផ្សព្វផ្សាយរបស់ខ្លួនតាមរយៈគេហទំព័រផ្សព្វផ្សាយកសិកម្មកម្ពុជា ភ្នាក់ងារផ្សព្វផ្សាយ ឬមន្រ្តីកសិកម្មក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

 

ឯកសារ និងសម្ភារផ្សព្វផ្សាយកសិកម្ម ដែលបានស្នើសុំដោយសាធារណៈជន និងប្រមូលបានដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងត្រូវ​វាយតម្លៃ​ព្រមទាំងផ្តល់សុពលភាពតាមគោលការណ៍ណែនាំសម្រាប់ការពិនិត្យ និងវាយតម្លៃគុណភាពសម្ភារផ្សព្វផ្សាយកសិកម្ម។ ការវាយតម្លៃនេះ អនុវត្តន៍​ដោយក្រុម​ការងារ​ធានាគុណភាពសម្ភារផ្សព្វផ្សាយកសិកម្ម នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុគណៈកម្មធិការបច្ចេកទេសកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទថ្នាក់ជាតិ ព្រមទាំងគណៈកម្មធិការប្រឹក្សាយោបល់សម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ ដើម្បីសម្រេចដាក់​បញ្ចូលក្នុងគេហទំព័រផ្សព្វផ្សាយ​កសិកម្មកម្ពុជា (www.khmeragri.info )។

 

គេហទំព័រផ្សព្វផ្សាយកសិកម្មកម្ពុជា បង្កើតឡើងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវ អ្នកផ្សព្វផ្សាយ កសិករ និងអ្នកពាក់ព័ន្ធផ្សេងៗដើម្បីដាក់បញ្ចូល ទាញយក និងប្រើប្រាស់​នូវព័ត៌មានបច្ចេកទេសកសិកម្មថ្មីៗដែលសមស្រប និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។