ពិធីចុះហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ០២ ស្តីពី "ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឪឡឹកសាច់លឿង និងមាន់សាច់"

ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម (បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់) ឲ្យរីកចម្រើន ធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា "កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ" ហៅកាត់ថា ASPIRE។ ASPIRE បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្មសរុបមានចំនួន១ ៩២០ មានសមាជិកចំនួន ៦១ ៧៣៥គ្រួសារ នៅទូទាំង ២៤រាជធានី-ខេត្ត។ មិនតែប៉ុណ្ណោះ ASPIRE ក៏បានជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារ:ដើម្បីធ្វើឲ្យបណ្តុំទាំងនោះប្រកបអាជីវកម្មរបស់ខ្លួនពោរពេញទៅដោយវិបុលភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាបាននូវនិរន្តរភាពផលិតកម្ម។ ដោយសារការខិតខំប្រឹង ប្រែង យកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវពីថ្នាក់ដឹកនាំ មន្រ្តីកម្មវិធី និងអ្នកពាក់ព័ន្ធសំខាន់ៗជាលទ្ធផល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១នេះ ASPIRE បានរៀបចំពិធីចុះ ហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ០២ ស្តីពី "ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឪឡឹកសាច់លឿង និងមាន់សាច់" ដែលពិធីដ៏មានសារសំខាន់នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងដោយមានការចូល រួមពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ ប្រធាន/អនុប្រធានមន្ទីរ តំណាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ដៃគូអភិវឌ្ឍន៍ បណ្តុំអាជីវកម្ម លេខាធិការដ្ឋាន ASPIRE and S-RET លោក លោកស្រីតំណាងក្រុមហ៊ុន និងតំណាងបណ្តុំអាជីវកម្មយ៉ាងច្រើនកុះករថែមទៀតផង។