កម្មវិធី ASPIRE


កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេល៧ឆ្នាំ។ កម្មវិធីបានចាប់ផ្តើម​អនុវត្តដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) នៅថ្ងៃទី០៥ ខែមីនា​ឆ្នាំ២០១៥។ កម្មវិធីអនុវត្តនៅ ខែមិថុនាឆ្នាំ២០១៥ ហើយបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៨-០៩ខែតុលា ឆ្នាំ២០១៥ នឹងបញ្ចប់នៅ ថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២២ និងបិទ​បញ្ចប់ហិរញ្ញប្បទាននៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២២។ ថវិកាសរុបមានចំនួន ៦៧,៧ លានដុល្លារអាមេរិក។

នៅឆ្នាំ២០១៥ កម្មវិធី ASPIRE បានចាប់ផ្តើមអនុវត្តនៅខេត្តគោលដៅចំនួន៥ មាន៖ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ព្រះវិហារ និងក្រចេះ។ នៅឆ្នាំ២០១៧ កម្មវិធី​បានពង្រីកទៅខេត្តស្ទឹងត្រែង ហើយនៅឆ្នាំ២០១៨ កម្មវិធីបានពង្រីកទៅខេត្តចំនួន៥​ទៀតមាន៖ ខេត្តកណ្តាល​ តាកែវ កំពត ព្រៃវែង និងស្វាយរៀង និងឆ្នាំ២០១៩ បានបន្ត​ពង្រីកទៅខេត្តចំនួន៩ ទៀតមាន៖ ខេត្តកំពង់ស្ពឺ រតនគីរី មណ្ឌលគីរី សៀមរាប កំពង់ធំ ប៉ៃលិន កំពង់ចាម​ និងត្បូងឃ្មុំ ក្នុងឆ្នាំ២០២០ ក៏បានពង្រីកទៅខេត្តចំនួន៤ទៀត គឺ​ខេត្តកោះកុង ព្រះសីហនុ កែប​ និងឧត្តរមានជ័យ ដែលសរុបមកដល់បច្ចុប្បន្ននេះគឺទាំង២៤ខេត្ត។

         គោលដៅ៖ កាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់របស់កសិករខ្នាតតូចក្រីក្រ និងងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

         គោលបំណង៖ បង្កើតគំរូនៃការផ្តល់សេវាផ្សព្វផ្សាយកសិកម្មប្រកប​ដោយប្រសិទ្ធភាព 


ជួយកសិករខ្នាតតូចចូលរួមចំណែកក្នុងការពង្រីកមូលដ្ឋានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការប្រកបរបរកសិកម្មដែលមានភាពធន់ និងទទួលបានប្រាក់ចំណេញ និងត្រូវប្រើប្រាស់ជាគោលនយោបាយនៅឆ្នាំ២០២១។

កម្មវិធីមានសមាសភាគចំនួន ៤ គឺ៖

            ១)​. ការអភិវឌ្ឍគោលនយោបាយផ្អែកលើភស្តុតាង

         ​  ២). ការអភិវឌ្ឍសមត្ថភាពសម្រាប់សេវាផ្សព្វផ្សាយកសិកម្ម

           ៣). ការកែលម្អសេវាផ្សព្វផ្សាយកសិកម្ម និង

           ៤). ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកសិកម្មធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។